សំណុំរឿងអធិការកិច្ច
សំដៅដល់ករណីដែលកំពុងស្ថិតនៅក្រោមការធ្វើអធិការកិច្ច របស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ទាំងក្នុងការជំរុញការអនុវត្តច្បាប់ និងទាំងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច។
សញ្ញាបណ្ណបៃតង
សំដៅលើមូលបត្របំណុលដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ហើយសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយត្រូវបានប្រើប្រាស់ ដើម្បីធ្វើហិរញ្ញប្បទាន ឬហិរញ្ញប្បទានឡើងវិញដល់គម្រោង ឬទ្រព្យសកម្មបៃតងដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន និង/ឬអាកាសធាតុ។
សង្គតិភាព
ស្ថានភាពនៃការអនុវត្តគោលការណ៍តែមួយជាលក្ខណៈប្រទាក់ក្រឡាគ្នា រវាងក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់របស់ព្រះ-រាជាណាចក្រកម្ពុជា។
សក្ដិសិទ្ធិភាព/ប្រសិទ្ធផល
គឺជាគោលការណ៍សំខាន់ក្នុងការវាយតម្លៃការងារ ដែលសំដៅលើការអនុវត្តការងារឱ្យ សម្រេចគោលដៅបានត្រឹមត្រូវ និងប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
សក្ខីភាពក្លែងក្លាយ
សំដៅដល់ចម្លើយភូតកុហករបស់សាក្សី ដែលបានស្បថនៅចំពោះមុខតុលាការរួចហើយ។
សកម្មភាពសេដ្ឋកិច្ច
មានន័យថាជាសកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យដល់បុគ្គលដទៃក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។
សកម្មភាពសុពល
សំដៅដល់សកម្មភាពដែលធ្វើឡើងស្របតាមលក្ខខណ្ឌតម្រូវដោយច្បាប់ និងមានអានុភាពតាមផ្លូវច្បាប់។
វិសោធនកម្ម
សំដៅលើការកែប្រែ, ការបន្ថែម, ឬការលុបចោលមាត្រា/បទដ្ឋានខ្លះនៃច្បាប់, រដ្ឋធម្មនុញ្ញ ឬកិច្ចសន្យាដែលមានស្រាប់ ដើម្បីធ្វើឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន។
វឌ្ឍនភាព
សំដៅដល់ដំណើររីកចម្រើន ភាពជឿនលឿន ឬការអភិវឌ្ឍទៅមុខ។ ពាក្យនេះ ច្រើនប្រើដើម្បីបង្ហាញពីស្ថានភាពដែលប្រសើរជាងមុន មិនថាជាការងារសេដ្ឋកិច្ច ឬការអប់រំឡើយ និងសំដៅលើលទ្ធផលវិជ្ជមានដែលនាំឱ្យមានភាពធូរធារ និងការអភិវឌ្ឍ។
វគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ
សំដៅដល់វគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) សម្រាប់រាល់រូបវន្តបុគ្គលដែលបម្រើការងារនៅក្នុងក្រុមហ៊ុនបរធនបាល និងផ្តល់សេវាកម្មនៅក្នុងវិស័យបរធនបាលកិច្ច ដូចជាបុគ្គលិកជាន់ខ្ពស់ បុគ្គលិកផ្នែកបច្ចេកទេស និងបុគ្គលិកសំខាន់ៗដទៃទៀត របស់ក្រុមហ៊ុនទាំងនោះ ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើក្របខណ្ឌបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេសក្នុងវិស័យបរធនបាលកិច្ច។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល និងបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល រូបវន្តបុគ្គលត្រូវចូលរួមការប្រឡងដែលរៀបចំឡើងដោយ ន.ប.ធ.។
លិខិតយុត្តិការ
ឯកសារជាលាយលក្ខណ៍អក្សរច្បាប់ដើម ភ្ជាប់ជាមួយសំណើសុំធានាចំណាយ ឬអាណត្តិបើកប្រាក់ សម្រាប់ជាកម្មវត្ថុ នៃការពិនិត្យនិងសម្រេចផ្តល់ចំណាយ។
លិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ្ច
សំដៅដល់លិខិតគតិយុត្ត ដែលកំណត់អំពីការបង្កើត ការគ្រប់គ្រង ការត្រួតពិនិត្យ និងការបញ្ចប់បរធនបាលកិច្ច។
លិខិតបរធនបាលកិច្ច
សំដៅដល់៖ ក- លិខិតគតិយុត្តដែលកំណត់ជាអាទិ៍អំពីការបង្កើត ការគ្រប់គ្រង ការចាត់ចែង និងការបញ្ចប់បរធនបាលកិច្ច ដែលត្រូវបានធ្វើឡើងរវាងបរធនបាលទាយកឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច និងបរធនបាល ដោយមានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំសង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។ ខ- មតកសាសន៍ដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិស្ដីពីសន្ដតិកម្មនៃក្រមរដ្ឋប្បវេណី។
លក្ខន្តិកៈ
សំដៅដល់លិខិតបង្កើតនីតិបុគ្គលដែលមានចុះនិទ្ទេសចាំបាច់ខ្វះមិនបានអំពីចំណុចសំខាន់ៗ ដូចជា គោល-បំណង, នាមករណ៍ និងទីតាំងនៃទីស្នាក់ការកណ្តាល។ល។
លក្ខខណ្ឌហាមឃាត់ការខ្ចីប្រាក់បន្ថែម
សំដៅដល់លក្ខខណ្ឌក្នុងកិច្ចសន្យាផ្តល់កម្ចី ដែលហាមឃាត់កូនបំណុលមិនឱ្យខ្ចីបំណុលបន្ថែមដោយគ្មានការយល់ព្រមពីឥណទាយក។
លក្ខខណ្ឌចាប់បង្ខំសងរួម
សំដៅដល់លក្ខខណ្ឌក្នុងកិច្ចសន្យាផ្តល់កម្ចីដែលការពារផលប្រយោជន៍ឥណទាយកដោយចែងពីករណីកូនបំណុលខកខានមិនបានបំពេញកាតព្វកិច្ចស្របតាមកិច្ចសន្យាផ្តល់កម្ចីណាមួយ ធ្វើឱ្យកើតឡើងនូវការខកខានមិនបានបំពេញកាតព្វកិច្ចលើបំណុលផ្សេងទៀតដោយស្វ័យប្រវត្តិ។
រេខូបនីយកម្ម
ដំណើរការនៃការបំប្លែងទិន្នន័យ និងព័ត៌មានពីទម្រង់អាណាឡូក ទៅជាទម្រង់ឌីជីថល។
រូបិយប័ណ្ណ
សំដៅដល់រូបិយវត្ថុណាមួយ ក្រៅពីរូបិយវត្ថុក្នុងស្រុក។
រូបវន្ដបុគ្គល
បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។
របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យ ដោយអនុលោមតាមច្បាប់ស្ដីពីគណនេយ្យសហគ្រាស សវនកម្ម គណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដែលក្នុងនោះរួមមាន របាយការណ៍របស់អភិបាល របាយការណ៍របស់សវនករឯករាជ្យ និងរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មរួច។
របាយការណ៍សវនករ
ជាព័ត៌មានដែលផ្តល់ដោយសវនករជាលាយលក្ខណ៍អក្សរ អំពីការត្រួតពិនិត្យរបស់ខ្លួនទៅលើរបាយការណ៍គណនីប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
របាយការណ៍គណនីប្រចាំឆ្នាំ
ជារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលរៀបចំឡើងដោយផ្អែកតាមច្បាប់ពាណិជ្ជកម្មឬគោលការណ៍គណនេយ្យដែលត្រូវបានទទួលស្គាល់ជាទូទៅ ពោលគឺមិនមែនរៀបចំឡើងជាពិសេសសម្រាប់ការត្រួតពិនិត្យរបស់អាជ្ញាធរត្រួតពិនិត្យឡើយ។ នៅបណ្តាប្រទេសមួយចំនួនរបាយការណ៍គណនីប្រចាំឆ្នាំឬរបាយការណ៍គណនីភាគទុនិកក៏អាចត្រូវបានប្រើប្រាស់សម្រាប់ដាក់ជូនអាជ្ញាធរត្រួតពិនិត្យផងដែរ។
រដ្ឋាភិបាលអេឡិចត្រូនិក
ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ជាពិសេសប្រព័ន្ធអ៊ីនធឺណិត ដោយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវរាជរដ្ឋាភិបាលមួយដែលល្អប្រសើរ។
រដ្ឋាភិបាលឌីជីថល
ដំណើរការនៃការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេវាសាធារណៈ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលដូចជាកុំព្យូទ័រ ឧបករណ៍ឆ្លាត និងប្រព័ន្ធអ៊ីនធឺណិតសំដៅជួយសម្រួលដល់ការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋ ការសម្រេចចិត្ត និងការផ្តល់សេវាជូនប្រជាពលរដ្ឋ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្នកម្ម។
យុត្តិការ
គឺជាការបង្ហាញ ឬសេចក្តីអះអាងអំពីភាពត្រឹមត្រូវអ្វីមួយ ដោយផ្អែកលើក្របខណ្ឌគតិយុត្តដែលមានជាធរមាន។
ម្ចាស់បំណុលនៃការអនុវត្ត
សំដៅដល់ភាគីដែលបានដាក់ពាក្យសុំឱ្យអនុវត្តដោយបង្ខំ (ម.ព. ការអនុវត្តដោយបង្ខំ)។
ម្ចាស់បំណុល
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិទាមទារសំណងពីកូនបំណុល ឬពីទ្រព្យសម្បត្តិរបស់កូនបំណុល។
មូលនិធិហិរញ្ញប្បទានរបស់ដែគូអភិវឌ្ឍ
សំដៅដល់សមតុល្យហិរញ្ញប្បទានឥតសំណងសរុបចុងក្រោយ បន្ទាប់ពីត្រូវបានប្រើប្រាស់ស្របតាមគោលបំណងរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ។ សមតុល្យនេះត្រូវគណនាតាមស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់គោលបំណងនៃការចុះបញ្ជី។
មូលធនភាគហ៊ុននិក
សំដៅដល់ទ្រព្យសកម្មដែលនៅសល់ចុងក្រោយបន្ទាប់ពីបានដកបំណុលទាំងអស់ចេញពីទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនបរធនបាល ដោយអនុលោមតាមស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (CIFRS)។
មូលដ្ឋានទិន្នន័យ
បណ្តុំទិន្នន័យដែលមានទំនាក់ទំនងគ្នាបង្កើតឡើងក្នុងគោលបំណងងាយស្រួលគ្រប់គ្រង និងស្វែងរក។
ម៉ាកសមូហភាព
គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី ហើយអាចសម្គាល់នូវប្រភពដើមនៃទំនិញឬសេវា ឬសម្គាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវារបស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។
មន្រ្តីអធិការកិច្ចបរធនបាលកិច្ច
សំដៅដល់មន្រ្តីរបស់ ន.ប.ធ. ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ និងត្រូវបានចាត់តាំងដោយ ន.ប.ធ. ឱ្យធ្វើអធិការកិច្ចក្នុងវិស័យបរធនបាលកិច្ច អនុលោមតាមច្បាប់ស្តីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ។
មន្ត្រីប្រតិបត្តិ
សំដៅដល់បុគ្គលិកជំនាញផ្នែកច្បាប់ ឬបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបរធនបាល ឬប្រតិបត្តិករបរធនបាល ឬបរធនបាលរូបវន្តបុគ្គលឯករាជ្យដែលមានគុណវុឌ្ឍិ និងត្រូវបានតែងតាំង ស្របតាមមាត្រា១៧ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
មធ្យោបាយការពារ
សំដៅដល់ការលើកអំពីអង្គហេតុ ឬអង្គច្បាប់ និងការដាក់ភស្តុតាងដោយចុងចម្លើយ (ឬចុងបណ្តឹងឧទ្ឋរណ៍) ដើម្បីជាសំអាងដល់ការការពាររបស់ខ្លួន។
មតិក
សំដៅដល់ទ្រព្យសម្បត្តិជាកេរទាំងឡាយដែលបុគ្គលម្នាក់ (មតកជន) បានបន្សល់ទុកក្រោយពេលស្លាប់។
មតកសាសន៍
សំដៅដល់លិខិតបណ្ដាំដែលបុគ្គលបានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្ដែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
មតកជន
សំដៅដល់ជន ដែលបានស្លាប់ទៅហើយ។
មជ្ឈមណ្ឌលទិន្នន័យ
ហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ផ្តល់សេវាកម្មផ្ទុកទិន្នន័យ និងធនធានគណនាសម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ភាពមិនប្រាកដប្រជា
គឺជាស្ថានភាពនៃកង្វះចំណេះដឹង ឬព័ត៌មានជាក់លាក់ ដែលធ្វើឱ្យយើងមិនអាចទស្សន៍ទាយ ឬកំណត់លទ្ធផលនាពេលអនាគតបានត្រឹមត្រូវ។
ភាពគ្រប់គ្រាន់នៃដើមទុន
ភាពគ្រប់គ្រាន់នៃធនធានមូលធនទាក់ទិននឹងលក្ខខណ្ឌតម្រូវដើមទុនតាមបទប្បញ្ញត្តិ។
ភាគីវិវាទ
សំដៅដល់ភាគីវិវាទណាមួយ ឬភាគីវិវាទទាំងសងខាង ដែលកំពុងមានវិវាទ, ជម្លោះ, ទំនាស់ ឬវិវាទពាក់ព័ន្ធនឹងប្រតិបត្តិការបរធនបាលកិច្ច។
ភាគហ៊ុន
ចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬការលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ សហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី នៅក្រសួងស្ថាប័័នមានសមត្ថកិច្ច។
ភាគលាភ
សំដៅដល់ចំណែកនៃសាច់ប្រាក់ឬទ្រព្យដែលនីតិបុគ្គលបានចែកឱ្យអ្នកចូលហ៊ុនទៅតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែការចែងចែកមូលធននានាក្នុងពេលជម្រះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនជាភាគលាភត្រូវផ្អែកតាមលក្ខខណ្ឌខាងលើនេះ ដោយពុំគិតថានីតិបុគ្គលមាន ឬគ្មានប្រាក់ចំណូលសុទ្ធក្នុងឆ្នាំចរន្ត ឬពីឆ្នាំមុនៗឡើយ។
ពិភពពិត (ពិភពរូបវន្ត)
ពិភពពិតដែលមនុស្សគ្រប់គ្នាប្រាស្រ័យទាក់ទងគ្នា និងទទួលបទពិសោធតាមរយៈឥន្ទ្រីយារម្មណ៍។
ពិភពឌីជីថល
ពិភពនិម្មិតមួយដែលបង្កើតដោយថ្នាលឌីជីថលមានគោលបំណងជាក់លាក់ក្នុងការផ្តល់អន្តរសកម្មរវាងតួអង្គពាក់ព័ន្ធនានាដោយប្រើប្រាស់អត្តសញ្ញាណឌីជីថល។
ពិពិធកម្ម
គឺជាការធ្វើឱ្យមានភាពចម្រុះ, ច្រើនបែប, ច្រើនយ៉ាង ឬការពង្រីកមុខព្រួញសកម្មភាពសេដ្ឋកិច្ច និងជំនួញឱ្យទៅជាសកម្មភាពជាច្រើនប្រភេទ។ នៅក្នុងន័យសេដ្ឋកិច្ច ពិពិធកម្មគឺជាដំណើរការផ្លាស់ប្តូរពីប្រភពចំណូលតែមួយ ទៅជាការនាំចេញ ឬសកម្មភាពសេដ្ឋកិច្ចជាច្រើន។
ពិន័យអន្តរការណ៍
ការតម្រូវជនប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យ បង់ប្រាក់ពិន័យ តាមកម្រិតទណ្ឌកម្មដែលបានប្រព្រឹត្តល្មើស។
ពិតានចំណាយ
សំដៅដល់ទំហំ ឬកម្រិតសរុបនៃចំណាយថវិកា ដែលអនុញ្ញាតឱ្យប្រើប្រាស់។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
សកម្មភាពទិញ លក់ ជួល ផ្លាស់ប្តូរទំនិញ ឬសេវាដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្ម និង រដ្ឋប្បវេណីជាព្រមទាំង សកម្មភាព និង ប្រតិបត្តិការនានារបស់រដ្ឋ តាមប្រព័ន្ធអេឡិចត្រូនិក ។
ពាក្យបណ្ដឹង
សំដៅដល់ពាក្យស្នើសុំការផ្សះផ្សា ឬពាក្យបណ្ដឹងសុំការដោះស្រាយវិវាទ អនុលោមតាមប្រកាសស្តីពីការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច។
ព័ត៌មានឯកជនរបស់បុគ្គល
សំដៅដល់បន្សំនៃទិន្នន័យដែលអាចឱ្យដឹងបានអំពីព័ត៌មានជីវភាពឯកជន ឬការសម្ងាត់របស់បុគ្គលណាម្នាក់។
ព័ត៌មានសម្ងាត់
សំដៅដល់ព័ត៌មានដែលមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ទទួលបានពីមន្រ្តីនៃនាយកដ្ឋានចំណុះឱ្យ ន.ប.ធ., បុគ្គលរាយការណ៍, កម្លាំងជំនាញ, ភ្នាក់ងារ, ស្ថាប័ន, អង្គការជាតិ ឬអង្គការអន្តរជាតិ ក្នុងនាមជាដៃគូសហការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស។
ព័ត៌មានចំហ
សំដៅដល់ក្រុមតម្រុយដែលទទួលបានពីការផ្សព្វផ្សាយព័ត៌មានគ្រប់មធ្យោបាយ ដែលអាចជាព័ត៌មានក្នុងស្រុក ឬជាព័ត៌មានពីបរទេស។
ផលនៃបទល្មើស
សំដៅដល់ទ្រព្យសម្បត្តិណាដែលបាន ឬទទួលដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តបទល្មើសឧក្រិដ្ឋឬបទល្មើសមជ្ឍិម។
ផតថល
គេហទំព័រមួយប្រភេទដែលប្រមូលផ្តុំ និងសំយោគព័ត៌មានពីរ ឬច្រើនប្រភពដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជាក់លាក់មួយ និងផ្តល់លទ្ធភាពតភ្ជាប់ទៅកាន់គេហទំព័រផ្តល់សេវានានា។
ប្រាតិភោគដោយអនុប្បទាន
សំដៅលើការណ៍ដែលកូនបំណុល ឬតតិយជនធ្វើអនុប្បទាននូវចលនវត្ថុរបស់ខ្លួនជាកំណត់ទៅឱ្យម្ចាស់បំណុល ដើម្បីធានាកាតព្វកិច្ច។
ប្រសិទ្ធភាព
គឺជាសមត្ថភាពក្នុងការបំពេញការងារ ឬផលិតអ្វីមួយឱ្យទទួលបានលទ្ធផលល្អបំផុត ដោយប្រើប្រាស់ធនធាន (ពេលវេលា ប្រាក់ កម្លាំង) តិចតួចបំផុត ឬឱ្យមានប្រយោជន៍ខ្ពស់បំផុត។
ប្រព្រឹត្តិកម្ម
ក្នុងបរិបទទូទៅ និងច្បាប់ សំដៅលើសកម្មភាព, ការចាត់ចែង, ការប្រព្រឹត្ត ឬការផ្តល់សេវាកម្មចំពោះបុគ្គល, ទំនិញ ឬសេវាកម្មណាមួយ។ ពាក្យនេះ ច្រើនតែប្រើដើម្បីរៀបរាប់ពីកម្រិតនៃការផ្តល់ភាពអនុគ្រោះ ឬវិធីសាស្ត្រដែលត្រូវបានអនុវត្តលើនរណាម្នាក់ ឬអ្វីមួយ។
ប្រព័ន្ធអេកូឡូស៊ី
ប្រព័ន្ធទំនាក់ទំនងដែលមានភាពប្រកួតប្រជែងគ្នា នៃសមាសភាពពាក់ព័ន្ធរួមមាន មនុស្ស ស្ថាប័ន កម្មវិធី នីតិវិធីអន្តរាគមន៍ទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ។ល។ បង្កើតបានជាប្រព័ន្ធមួយអាចគ្រប់គ្រង និងអភិវឌ្ឍខ្លួនឯងបានប្រកបដោយចីរភាព។
ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ
ការបំពាក់ឧបករណ៍អ៊ីនធឺណិតទៅនឹងសត្វ មនុស្ស ផ្ទះ អគារ យានយន្ត និង វត្ថុផ្សេងៗទៀតដើម្បីប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលអ៊ីនធឺណិតនៅគ្រប់ទីកន្លែង គ្រប់ពេលវេលាសម្រាប់បញ្ជូន-ទទួលព័ត៌មាន។
ប្រព័ន្ធសេដ្ឋកិច្ច
ជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែងធនធាន និងការបែងចែក ទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្ត្រណាមួយ។
ប្រធានស័ក្ត
សំដៅដល់ព្រឹត្តិការណ៍ ដែលជាឧបសគ្គមិនអាចជៀសផុតបាន មិនអាចគ្រប់គ្រងបាន និងហួសពីលទ្ធភាពត្រួតត្រារបស់បុគ្គល ដែលត្រូវអនុវត្តកាតព្វកិច្ច។
ប្រទានកម្ម
សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្ដល់ឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
ប្រតិសិទ្ធិសកល
បុគ្គលដែលទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ចទូទៅពីបុគ្គលដទៃ។
ប្រតិសិទ្ធិដោយឡែក
បុគ្គលដែលទទួលបន្តសិទ្ធិមួយ ឬច្រើនជាកំណត់ផ្អែកតាមមូលហេតុនីមួយៗ។
ប្រតិភូកម្ម
គឺជាការផ្ទេរមុខងារ, ការទទួលខុសត្រូវ, សិទ្ធិអំណាច ឬឆន្ទានុសិទ្ធិពីអាជ្ញាធរជាន់ខ្ពស់ទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ឬអង្គភាពចំណុះ ដើម្បីគ្រប់គ្រងនិងអនុវត្តការងារជំនួស សកម្មភាពនេះជាការផ្ទេរ អំណាចបណ្ដោះអាសន្ន ប៉ុន្តែអាជ្ញាធរដើមនៅតែរក្សាភាពជាម្ចាស់លើការងារនោះ។
ប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការធ្វើប្រតិបត្តិការបរធនបាលកិច្ច ដោយបរធនបាលឬអ្នកចូលរួមដ៏ទៃទៀត ទៅតាមប្រភេទបរធនបាលកិច្ចរួមមាន បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាល ឬអ្នកចូលរួមដ៏ទៃទៀត ដែលអាចធ្វើប្រតិបត្តិការបរធនបាលកិច្ចទាំងនេះបាន ត្រូវទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីពី ន.ប.ធ.។
បុរេលក្ខខណ្ឌ
សំដៅលើលក្ខខណ្ឌ, ច្បាប់ ឬតម្រូវការជាមុនដែលចាំបាច់ត្រូវតែមាន ឬត្រូវតែបំពេញឱ្យបានសិន មុននឹងឈានទៅដល់ការសម្រេចបាននូវគោលដៅ, សកម្មភាព ឬលទ្ធផលអ្វីមួយនៅជំហានបន្ទាប់។
បុននីតិសម្បទា
សំដៅដល់យន្តការដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្រ្គោះមិនឱ្យអសោធនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។
បុគ្គលិកជាន់ខ្ពស់
សំដៅដល់បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនដែលមានតំណែងចាប់ពីប្រធានផ្នែករហូតដល់ នាយកប្រតិបត្តិរួមទាំងអភិបាល។
បុគ្គលស្វ័យនិយោជន៍
សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់-បៀវត្សដែលផ្តល់ដោយនិយោជន ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។
បុគ្គលស្ថិតក្រោមការធ្វើអធិការកិច្ច
សំដៅដល់បុគ្គលដែលស្ថិតក្រោមការត្រួតពិនិត្យប្រតិបត្តិការបរធនបាលកិច្ច រួមមាន បុគ្គលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ពី ន.ប.ធ. និងបុគ្គលផ្សេងទៀតដែលសង្ស័យប្រព្រឹត្តល្មើស ឬពាក់ព័ន្ធការប្រព្រឹត្តល្មើសនឹងច្បាប់ និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច។
បុគ្គលសាធារណៈ (Public Person)
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបាននីតិសម្បទារជាបុគ្គលសាធារណៈ ឬរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច
សំដៅដល់បុគ្គលដែលស្ថិតក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។
បុគ្គលរងទណ្ឌកម្ម
បុគ្គលរងទណ្ឌកម្ម សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិជាធរមានក្នុងវិស័យបរធនបាលកិច្ច ហើយត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ពីមន្ត្រីអធិការកិច្ចបរធនបាលកិច្ច។
បុគ្គលប្រព្រឹត្តល្មើស
បុគ្គលប្រព្រឹត្តល្មើស សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ ហើយអាចទទួលរងនូវការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬការពិន័យអន្តរការណ៍ពីមន្ត្រីអធិការកិច្ចបរធនបាលកិច្ច។
បុគ្គលទទួលស្គាល់គុណវុឌ្ឍិ (Approved Persons)
សំដៅដល់អភិបាល នាយកប្រិបត្តិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញកផ្នែកច្បាប់ និងគណនេយ្យករជំនាញបរធន ដែលទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយនៃ ន.ប.ធ. ។
បុគ្គល
សំដៅដល់រូបវន្ដបុគ្គលឬនីតិបុគ្គលណាមួយដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញឬមិនស្វែងរកប្រាក់ចំណេញ។
បរិហារកេរ្ដិ៍
សំដៅដល់ការលើកឡើងនូវទន្ទឹករណ៏ ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិស័ព្ទនៃបុគ្គលឬស្ថាប័នដោយសំដី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំសាធារណៈ ឬតាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងសាធារណជន ឬដាក់តាំងឱ្យសាធារណជនមើល ឬតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍ដែលសម្រាប់សាធារណជន។
បរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបរធនបាលកិច្ច
បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច មានគោលដៅជួយជំរុញឱ្យមានការផ្តួចផ្តើម ក្នុងការបង្កើតឱ្យមាននវានុវត្តន៍បច្ចេកវិទ្យានៅក្នុងវិស័យបរធនបាលកិច្ចកាន់តែសម្បូរបែប ដែលអាចធ្វើការសាកល្បងក្នុងលំហ (Space) និងក្នុងរយៈពេលកំណត់មួយជាក់លាក់ ដើម្បី៖ ក- បង្កើនប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារបរធនបាលកិច្ច ខ- គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការបរធនបាលកិច្ចឱ្យកាន់តែល្អប្រសើរឡើង គ- ផ្តល់អត្ថប្រយោជន៍ដល់ដំណើរការធុរកិច្ចនៅក្នុងវិស័យបរធនបាលកិច្ច ឃ- ជំរុញប្រតិបត្តិការបរធនបាលកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងបរិយាប័ន្នហិរញ្ញវត្ថ។
បរិស្ថានគោលនយោបាយអំណោយផល
សំដៅលើសំណុំនៃច្បាប់, បទប្បញ្ញត្តិ, យុទ្ធសាស្ត្រ និងយន្តការគាំទ្រនានា ដែលរៀបចំឡើងដោយរដ្ឋាភិបាល ដើម្បីជំរុញលើកទឹកចិត្ត និងសម្រួលដល់ការអនុវត្តសកម្មភាពជាក់លាក់ណាមួយឱ្យទទួលបានជោគជ័យ និងនិរន្តរភាព។
បរិយាបន្នហិរញ្ញវត្ថុ
លទ្ធភាពដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព។
បរិយាបន្នកម្មឌីជីថល
ដំណាក់កាលមួយដែលមនុស្សគ្រប់រូបមានកាលានុវត្តភាពស្មើគ្នា ដើម្បីចូលរួមក្នុងកិច្ចការសេដ្ឋកិច្ច និងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
បរធនបាលរូបវន្តបុគ្គលឯករាជ្យ
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន ហើយបរធនបាលរូបវន្តបុគ្គលឯករាជ្យនេះ មិនស្ថិតនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាលណាមួយឡើយ។
បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាល។
បរធនបាលរូបវន្តបុគ្គល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល ឬបរធនបាលរូបវន្តបុគ្គលឯករាជ្យ។
បរធនបាលទាយក
សំដៅដល់បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
បរធនបាលកិច្ចសាធារណៈ
ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
បរធនបាលកិច្ចសង្គម
ត្រូវបានបង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្រ្ត។
បរធនបាលកិច្ចពាណិជ្ជកម្ម
ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ចឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។
បរធនបាលកិច្ចបុគ្គល
ត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលនាយកឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយក។
បរធនបាលកិច្ចទីផ្សាររូបិយវត្ថុ
ជាបរធនបាលកិច្ចមួយប្រភេទនៃបរធនបាលកិច្ចពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើងដោយបរធនបាលទាយក (ជាម្ចាស់ទ្រព្យ) ដោយផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន ទៅឱ្យបរធនបាល ជាអ្នកគ្រប់គ្រង ចាត់ចែង និងវិនិយោគជំនួសទៅលើឧបករណ៍បំណុលរយៈពេលខ្លី និងដែលមានគុណភាពឬឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលមានសន្ទនីយភាពខ្ពស់។
បរធនបាលកិច្ចគ្រួសារ
ជាបរធនបាលកិច្ចមួយប្រភេទដែលត្រូវបាន បង្កើតឡើងដោយបរធនបាលទាយកដែលជាធម្មតាជាមេគ្រួសារ ឬជាស្ថាបនិកអាជីវកម្មគ្រួសារ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សមាជិកគ្រួសារដទៃទៀត ដែលអាចទទួលផលប្រយោជន៍ពីអាជីវកម្មគ្រួសារ ឬទទួលផលប្រយោជន៍ពីការបែងចែកទ្រព្យសម្បត្តិគ្រួសារ ប៉ុន្តែមិនមានលទ្ធភាពមកចាត់ចែងឬចូលរួមចាត់ចែងអាជីវកម្មគ្រួសារដោយផ្ទាល់ខ្លួនឬដោយសារមានលក្ខខ័ណ្ឌកម្រិតផ្ទាល់ខ្លួនមួយចំនួន។ បរធនបាលកិច្ចប្រភេទនេះ អាចជួយធានា និងថែរក្សា ផលប្រយោជន៍ពីអាជីវកម្មគ្រួសារ ឬពីទ្រព្យសម្បត្តិដែលគ្រួសារ បានកសាងឡើង ឬរក្សាទុក សម្រាប់ជាប្រយោជន៍ដល់សមាជិកគ្រួសារដទៃទៀត ប្រកបដោយនិរន្តរភាព និងភាពត្រឹមត្រូវច្បាស់លាស់ នៅពេលដែលអវត្តមាននៃមេគ្រួសារនោះ។
បរធនបាលកិច្ច
សំដៅដល់កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធនបាល
សំដៅដល់បុគ្គលណាដែលទទួលសិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធន
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បទប្បញ្ញតិ្តប្រុងប្រយ័ត្ន
បទប្បញ្ញត្តិដែលផ្តោតលើការរក្សាសុវត្ថិភាព និងស្ថិរភាពហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
បណ្តឹងរដ្ឋបាល
សំដៅដល់បណ្តឹងរបស់ភាគីវិវាទទៅនិយ័តករបរធនបាលកិច្ចតវ៉ានឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ដោះស្រាយវិវាទបរធនបាលកិច្ច។
បណ្ដឹងពាក់ព័ន្ធនឹងវិវាទបរធនបាលកិច្ច
សំដៅដល់បណ្ដឹងទាមទារឱ្យមានការផ្សះផ្សា ឬការដោះស្រាយវិវាទពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ និង ការផ្តល់សេវាពាក់ព័ន្ធនឹងបរធនបាលកិច្ច។
បញ្ញាសិប្បនិម្មិត
បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀន គិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពរបស់ខួរក្បាលមនុស្ស។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សម្រាប់សមាសភាគទី១ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមប្រកាសផ្សព្វផ្សាយឡើងវិញស្តីពី ការជ្រើសរើសក្រុមហ៊ុន ដើម្បីដេញថ្លៃសម្រាប់ផ្គត់ផ្គង់រថយន្ត PICK-UP ចំនួន ២ គ្រឿង។
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៧។
នាថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្រ្តីនៃនិយ័តករបរធនបាលកិច្ចបានចូលរួមបរិច្ចាកឈាម នៅសាកលវិទ្យាល័យការពារជាតិ។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលអគារសិក្សា នៅសាលាបឋមសិក្សា រំលេច នៅភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការឧបត្ថម្ភថវិកាសាងសង់របស់បរធនបាលកិច្ចហិរញ្ញវត្ថុ អមតៈ។
អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
info@trustregulator.gov.kh
(+៨៥៥)២៣-២៣៧-៨៨៨
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)