បញ្ជីប្រផេះ
គឺជាបញ្ជីតាមដានរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលដាក់ឈ្មោះប្រទេសដែលមានចន្លោះខ្វះខាតផ្នែកយុទ្ធសាស្រ្តក្នុងការទប់ស្កាត់, ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម។
បញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិក
សំដៅដល់ការបញ្ជាធនាគារធ្វើការសងប្រាក់ ឬទាញយកប្រាក់ក្នុងចំនួនដែលបានកំណត់ចេញពីគណនីដែលបានចង្អុលបង្ហាញឱ្យទៅ ឬសម្រាប់អ្នកទទួលប្រាក់ ឬឱ្យទៅ ឬសម្រាប់គណនីរបស់អ្នកទទួលប្រាក់ និងរួមទាំងការកែប្រែណាមួយនៅលើបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិកផងដែរ ។
បច្ចេកវិទ្យាហិរញ្ញវត្ថុ
បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារបង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកបដោយបរិយាបន្នកម្ម។
បច្ចេកវិទ្យាប្លុកឆេន
បច្ចេកវិទ្យានៃហេដ្ឋានរចនាសម្ព័ន្ធផ្ទុកទិន្នន័យ ជាខ្សែច្រវាក់ដែលមិនត្រូវការការកែប្រែ ហើយទិន្នន័យទាំងនោះនឹងត្រូវចម្លងដើម្បីផ្ទុកនៅតាមបណ្តាសេវូបករណ៍ ដែលចូលរួមក្នុងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យនេះក្នុងទម្រង់បែបវិមជ្ឈការ។
បច្ចេកវិទ្យានិយ័តកម្ម
បច្ចេកវិទ្យាហិរញ្ញវត្ថុដែលជួយសម្រួល, ពង្រឹង និងធ្វើសុវុឌ្ឍិកម្មអនុលោមភាព ឬលក្ខខណ្ឌតម្រូវនិយ័តកម្ម ក្នុងឧស្សាហកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជាងសមត្ថភាពដែលមានស្រាប់។
បច្ចេកវិទ្យាត្រួតពិនិត្យ
បច្ចេកវិទ្យាហិរញ្ញវត្ថុដែលគាំទ្រ និងជួយសម្រួលដល់និយ័តករ និងអង្គភាពត្រួតពិនិត្យ ក្នុងការធ្វើឌីជីតូបនីយកម្មដំណើរការនៃការរាយការណ៍ និងនិយ័តកម្មសំដៅពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យហានិភ័យ និងអនុលោមភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
បច្ចេកវិទ្យាឌីជីថល
បច្ចេកវិទ្យាដែលប្រើបា្រស់ឧបករណ៍អេឡិចត្រូនិក ឧបករណ៍ឆ្លាតប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងធនធាន គណនា សម្រាប់បង្កើត ផ្ទុក បំប្លែង និងវិភាគទិន្នន័យ។
បច្ចេកវិទ្យាក្លោដ
បច្ចេកវិទ្យានៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្តល់សេវាផ្ទុកទិន្នន័យ និងធនធានគណនា សម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
នីត្យានុកូល
សំដៅដល់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ឬបទដ្ឋានគតិយុត្តដែលខ្ពស់ជាងនៃអំពើគតិយុត្ត វិធានគតិយុត្ត ឬលិខិតគតិយុត្ត។
នីតិវិធីនៃការវាយតម្លៃភាពអនុលោម
សំដៅដល់នីតិវិធីណាមួយដែលប្រើប្រាស់ដោយផ្ទាល់ឬដោយប្រយោល ដើម្បីកំណត់ថាការតម្រូវពាក់ព័ន្ធនៅក្នុងបទប្បញ្ញត្តិបច្ចេកទេសឬស្តង់ដា ឬលក្ខខណ្ឌនានាក្នុងអាជ្ញាបណ្ណ ក្នុងវិញ្ញាបនត្របញ្ជាក់ភាពអនុលោមត្រូវបានបំពេញ។
នីតិបុគ្គល
សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន ស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល។
និយោជក
សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាការងារ ដែលសន្យាផ្តល់ប្រាក់ឈ្នួលទៅលើកិច្ចការ ពលកម្មរបស់ភាគីម្ខាងទៀត (និយោជិត)។
និយ័តកម្ម
គឺជាការធ្វើឱ្យមានភាពទៀងទាត់, ការកែតម្រូវបន្ថែម ឬការត្រួតពិនិត្យឱ្យស្របទៅនឹងបទបញ្ជាច្បាប់ ឬគោលការណ៍ដែលបានកំណត់ និងរួមបញ្ចូលទាំងការកត់ត្រាទិន្នន័យគណនេយ្យដែលមិនទាន់បានកត់ត្រា, ការកែសម្រួលថវិកា ឬការត្រួតពិនិត្យសកម្មភាពសេដ្ឋកិច្ច/ធនាគារ ដើម្បីធានាស្ថិរភាព និងភាពស្របច្បាប់។
និន្នាការសកល
សំដៅលើគំរូ, ការផ្លាស់ប្តូរ ឬទំនោរដ៏សំខាន់ដែលកំពុងកើតឡើងជាទូទៅនៅជុំវិញពិភពលោកក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច, សង្គម, បច្ចេកវិទ្យា និងបរិស្ថាន ដែលមានឥទ្ធិពលលើរបៀបរស់នៅ ការធ្វើអាជីវកម្ម និងការសម្រេចចិត្តរបស់មនុស្សភាគច្រើន។
និកម្មភាពការងារ
សំដៅលើវេលាដែលបុគ្គលជាសមាជិក ប.ស.ស. មិនមានសកម្មភាពការងារមានប្រាក់ចំណូល ឬទំនេរពីការងារដោយសារការបញ្ចប់កិច្ចសន្យាការងារ។
នាយកប្រតិបត្តិ
សំដៅលើបុគ្គលមួយរូប ឬបុគ្គលមួយក្រុមដែលទទួលការតែងតាំងពីក្រុមប្រឹក្សាភិបាល ក្នុងការទទួលខុសត្រូវគ្រប់គ្រងអាជីវកម្ម និងអង្គភាពនោះ។
នាយកចាត់ការ
សំដៅដល់អ្នកចាត់ការទូទៅ អគ្គនាយកជាន់ខ្ពស់ អគ្គនាយក ប្រធាននាយកប្រតិបត្តិ នាយកប្រតិបត្តិ នាយកគ្រប់គ្រងទូទៅ នាយកគ្រប់គ្រងរួម ប្រធានក្រុមហ៊ុនបរធនបាល ឬប្រតិបត្តិករបរធនបាល និងអភិបាល។
ធុរកិច្ចឌីជីថល
ធុរកិច្ចដែលមានអាជីវកម្មចម្បងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬផ្តល់សេវាឌីជីថលឬបង្កើតផលិតផលជាបច្ចេកវិទ្យាឌីជីថល។
ធុរកិច្ច
សំដៅដល់សកម្មភាពដែល៖ ១. ទំនិញឬសេវាត្រូវបានទទួល ឬផ្គត់ផ្គង់ ឬដែលសិទ្ធប្រត្យក្សលើអចលនទ្រព្យត្រូវទទួលឬចាត់ចែងឬ ២. បានធ្វើឡើងតាមវិធីដែលមានការរៀបចំនិងមានភាពច្បាស់លាស់ ឬ ៣. បុគ្គលធ្វើសកម្មភាពនោះមានគោលបំណងរកប្រាក់ចំណេញទោះបីជាសកម្មភាពដែលបានធ្វើនោះជាសកម្មភាពចម្បង ឬបន្ទាប់បន្សំ ឬ មិនធ្វើជាប្រចាំក៏ដោយ។
ធនាគារ
អង្គភាពណាមួយ ដែលអនុវត្តជាប្រក្រតីនូវប្រតិបត្តិការណាមួយក្នុងចំណោមប្រតិបត្តិការ ដូចខាងក្រោម៖ក-ផ្ដល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជនដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យាខ-ទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជនគ-ប្រព្រឹត្តកម្មនិងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។
ធនលាភមួយជីវិត
ធនលាភ ដែលធនលាភីត្រូវបានទទួលអស់មួយជីវិត។
ទ្រព្យសម្បត្តិសកល
សំដៅដល់ទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលណាម្នាក់រួមមាន៖ ទ្រព្យសម្បត្តិសកម្ម និងទ្រព្យអកម្ម។
ទ្រព្យសម្បត្តិបរធនបាលកិច្ច
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅក្នុងបរធនបាលកិច្ចនិងផលដែលបានពីទ្រព្យសម្បត្តិឬមូលនិធិនោះ។
ទ្រព្យសម្បត្តិ
សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។
ទ្រព្យសកម្មសុទ្ធ
ទ្រព្យដែលបានមកពីទ្រព្យសកម្មសរុបដកបំណុលសរុប។
ទ្រព្យសកម្ម
ប្រាក់និងអ្វីៗផ្សេងទៀតដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឬនីតិបុគ្គល ហើយដែលអាចទូទាត់បំណុល ប្រើប្រាស់ ទទួលអត្ថប្រយោជន៍ និងបង្កើនប្រាក់ចំណូលបាន។
ទ្រព្យបញ្ចាំ
ជាទ្រព្យដែលត្រូវបានរក្សាទុកសម្រាប់ធានាកាតព្វកិច្ចបំណុល ឬបំពេញកាតព្វកិច្ចផ្សេងទៀតតាមកិច្ចសន្យាណាមួយ។
ទ្រព្យ
តម្លៃទ្រព្យសកម្មដែលមានក្រោយពេលដកចេញនូវបំណុលដែលជំពាក់គេ។
ទុនចុះបញ្ជី
ទុនផ្លូវការដែលក្រុមហ៊ុនមាននៅពេលចុះបញ្ជីពាណិជ្ជកម្ម។
ទីផ្សារ
សំដៅដល់ទីផ្សារទំនិញឬសេវាដែលកំពុងប្រកួតប្រជែង។
ទិន្នន័យអត្តសញ្ញាណបុគ្គល
សំដៅដល់ព័ត៌មាននានា ដែលអាចកំណត់បានអត្តសញ្ញាណបុគ្គលណាម្នាក់។ ទិន្នន័យអត្តសញ្ញាណបុគ្គលអាចជាទិន្នន័យអំពីឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ទីលំនៅបច្ចុប្បន្ន ជនជាតិ សញ្ជាតិ រួមទាំងទិន្នន័យជីវមាត្រឬទិន្នន័យផ្សេងៗទៀត ដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គល។
ទិន្នន័យមានស្រាប់
សំដៅលើប្រភេទនៃទិន្នន័យដែលបានពីរបាយការណ៍, និនានុប្បវត្តិ, ឯកសាររក្សាទុកផ្សេងៗ និងឯកសារតាមគេហទំព័រ។
ទិន្នន័យធំ
បណ្តុំទិន្នន័យដែលមានទំហំធំមានច្រើនសណ្ឋាន និងជាទូទៅគ្មានរចនាសម្ព័ន្ធច្បាស់លាស់ ហើយប្រើប្រាស់ដើម្បីវិភាគរកលំនាំ និន្នាការ និងការជាប់ទាក់ទងគ្នារវាងដែនមួយទៅដែនមួយទៀត។
ទាយជ្ជទាន
ន័យហិរញ្ញវត្ថុ មូលនិធិ ឬ ទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័ន បុគ្គល ឬក្រុមសម្រាប់គោលដៅជាក់លាក់អ្វីមួយ។
ទំហំបរធន
បរធនបាលត្រូវមានព័ត៌មានអំពីការវាយតម្លៃបរធន ដើម្បីកំណត់ទំហំបរធនសម្រាប់ការស្នើសុំបង្កើតនិង ចុះបញ្ជីបរធនបាលកិច្ច។
ទស្សន៍លទ្ធភាព
ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទម្រង់ស្តង់ដានៃកិច្ចសន្យា
សំដៅដល់កិច្ចសន្យា ឬខសន្យាណាមួយនៃកិច្ចសន្យា ដែលត្រូវបានរៀបចំជាមុនដោយបុគ្គលធ្វើធុរកិច្ចសម្រាប់ការផ្គត់ផ្គង់ទំនិញ និង/ឬសេវាទៅឱ្យអ្នកប្រើប្រាស់ ដោយមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចរចា កែប្រែ ឬមានឥទ្ធិពលទៅលើខសន្យា ទោះក្នុងទម្រង់ណាមួយក៏ដោយ។
ទំនាស់ផលប្រយោជន៍
សំដៅដល់ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់បុគ្គលណាមួយក្នុងការបំពេញភារកិច្ចផ្លូវការរបស់ខ្លួន។
ទណ្ឌកម្មខាងវិន័យ
សំដៅដល់ទណ្ឌកម្មរដ្ឋបាលដែលមានវិធានការរដ្ឋបាល និងការផាកពិន័យ ដែលចេញដោយមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ចំពោះបុគ្គលប្រព្រឹត្តល្មើស។
តុលាការដើម
សំដៅដល់តុលាការដែលចេញសាលដីការដើម ឬសាលក្រមដើមដែលជាប់បណ្តឹងឧបាស្រ័យ។
តុលាការកំពូល
សំដៅដល់តុលាការជាន់ខ្ពស់បំផុត ដែលមានសមត្ថកិច្ចសម្រេចលើបណ្តឹងសាទុក្ខ ជាអាទិ៍។
តុលាការ
សំដៅដល់ស្ថាប័នសាធារណៈ ដែលមានអំណាចវិនិច្ឆ័យសេចក្ដីលើរឿងក្ដី។
តារាងតុល្យការ
តារាងដែលឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិ (ទ្រព្យអកម្ម និងទ្រព្យសកម្ម) របស់នីតិបុគ្គល។
តតិយជន
ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា៖ អ្នកលក់ និងអ្នកទិញជាភាគីទី១ និងទី២។ អ្នកផ្សេងទៀត ក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថា តតិយជន។
ឌីជីថលូបនីយកម្ម
ដំណើរការនៃការកែសម្រួលការធ្វើអភិបាលកិច្ច ឬធុរកិច្ចឬដំណើរការសកម្មភាពអ្វីមួយឱ្យមានប្រសិទ្ធភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ឋានានុក្រមគតិយុត្ត
គឺជាការរៀបចំលំដាប់ថ្នាក់នៃលិខិតបទដ្ឋានគតិយុត្ត (ច្បាប់ និងលិខិតក្រោមច្បាប់) ចាប់ពីកម្រិតខ្ពស់រហូតដល់កម្រិតទាប នៅក្នុងប្រព័ន្ធច្បាប់នៃប្រទេសមួយ។ គោលបំណងនៃឋានានុក្រមនេះគឺដើម្បីធានាថាលិខិតបទដ្ឋានដែលមានកម្រិតទាបជាង មិនអាចផ្ទុយនឹងលិខិតបទដ្ឋានដែលមានកម្រិតខ្ពស់ជាងបានឡើយ។
ជំហរឧត្តមភាពទីផ្សារ
សំដៅដល់ស្ថានភាពដែលបុគ្គលណាមួយមានអំណាចលើទីផ្សារដែលគួរកត់សម្គាល់ដោយគ្មានការរារាំងពីគូរប្រកួតប្រជែងផ្សេងទៀត។
ឆ្នាំសារពើពន្ធ
សំដៅរយៈពេលរាប់គិតចាប់ពីថ្ងៃទី១ ខែមករា ឬថ្ងៃផ្តើមធ្វើប្រតិបត្តិការ ចំពោះបរធនបាលកិច្ចទើបបង្កើតថ្មី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឬរយៈពេលផ្សេងទៀតដែលសម្រេចដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆន្ទានុសិទ្ធិ
អំណាចដែលប្រគល់ដល់អាជ្ញាធរ ឱ្យរើសយកមធ្យោបាយណាមួយ តាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។
ចីរភាព
មានន័យថា ភាពដែលយូរអង្វែង, កាលដែលវែងឆ្ងាយ ឬការប្រកបដោយចីរភាព (អ្វីដែលប្រកបដោយភាពរីកចម្រើនទៅមុខ) ។
ចលនការ
និន្នាការកើនឡើង ឬថយចុះជាបន្តបន្ទាប់នូវថ្លៃ ឬបិរមាណនៃមូលបត្រ ឬទំនិញដែលត្រូវបានជួញដូរក្នុងរយៈពេលមួយ។
ចំណូលសារពើពន្ធ
ចំណូលបានមកពីពន្ធនិងអាករក្នុងប្រទេស និងពន្ធនិងអាករលើពាណិជ្ជកម្មក្រៅប្រទេស និងចំណូលសារពើពន្ធដទៃទៀត។
ចំណូលមូលធន
រួមមាន ចំណូលបានមកពីអចលកម្មហិរញ្ញវត្ថុ ហិរញ្ញប្បទានឥតសំណងសម្រាប់វិនិយោគ ការខ្ចី និងចំណូលមូលធនផ្សេងទៀត។
ចំណូលមិនមែនសារពើពន្ធ
រួមមាន ចំណូលបានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានមកពីសម្បទាន កម្រៃបានមកពីសេវាសាធារណៈ ផលពីការពិន័យនិងការដាក់ទណ្ឌកម្ម ការឧបត្ថម្ភអំណោយផលហិរញ្ញវត្ថុ, ផលផ្សេងៗ និងផលពិសេស និងចំណូលមិនមែនសារពើពន្ធដទៃទៀត។
ចំណូលពីវិស័យសេវាហិរញ្ញវត្ថុ មិនមែនធនាគារ
សំដៅដល់ចំណូល ដែលទទួលបានជាអាទិ៍មកពីវិស័យធានារ៉ាប់រងនិងសោធនឯកជន, វិស័យមូលបត្រ, វិស័យសន្តិសុខសង្គម, វិស័យបរធនបាលកិច្ច, វិស័យគណនេយ្យនិងសវនកម្ម, វិស័យអចលនវត្ថុ និងវិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ក្រៅពីចំណូលដែលមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ចំណាយមិនបានគ្រោងទុក
ឥណទានដែលសភាបានអនុម័តសម្រាប់ចំណាយលើការងារចាំបាច់របស់រាជរដ្ឋាភិបាល។
ចំណាយជាមូលធន
ចំណាយសម្រាប់ធ្វើហិរញ្ញប្បទានចំពោះគម្រោងវិនិយោគ ដែលមានការព្រមព្រៀងគ្នាជាមុន និងសំដៅធ្វើឱ្យសម្រេចតាមគោលដៅដែលបានដាក់ចេញ។
គ្រឹះស្ថានហិរញ្ញវត្ថុ
ស្ថាប័នសាធារណៈ ឬឯកជន ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន ដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាជួញដូរមូលបត្រ សេវាធានារ៉ាប់រង សេវារបបសន្តិសុខសង្គម សេវាវិនិយោគជាដើម។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
គ្រឹះស្ថានហិរញ្ញវត្ថុ ឬស្ថាប័នហិរញ្ញវត្ថុ ឯកជនមានឯកទេស ក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូច សម្រាប់ក្រុម ឬបុគ្គលមានចំណូលទាប និងសហគ្រាសធុនតូច និងមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់ធនាគារពាណិជ្ជ។
គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់សងប្រាក់
គ្រឹះស្ថាន (ភ្នាក់ងារ) ផ្តល់សេវាទូទាត់សងប្រាក់ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ។
គោលការណ៍
សំដៅដល់៖ ១. វិធានទូទៅ ឬទ្រឹស្តីមួយដែលផ្តល់នូវមូលដ្ឋាន ឬប្រភពដើមនៃបទដ្ឋានគតិយុត្ត ២. វិធានគតិយុត្ត ដែលបង្កើតដោយអត្ថបទច្បាប់ណាមួយដែលមានលក្ខណៈទូទៅ ក្នុងគោលបំណងធានាការអនុវត្តផ្សេងៗ ហើយមានតម្លៃគតិយុត្តខ្ពស់។
គូរប្រកួតប្រជែង
សំដៅដល់បុគ្គលដែលកំពុងប្រកួតប្រជែងនៅក្នុងទីផ្សារណាមួយឬបុគ្គលដទៃទៀតដែលមានសក្តានុពលអាចនឹងចូលរួមប្រកួតប្រជែងក្នុងទីផ្សារ។
គុណាធិបតេយ្យ
សំដៅដល់ការជ្រើសរើសដោយផ្អែកលើសមត្ថភាព ឬស្នាដៃ។
គម្លាតឌីជីថល
ភាពខុសគ្នាក្នុងការចាប់យក ឬការមានឱកាសចាប់យកបច្ចេកវិទ្យាឌីជីថល។
គម្រោងវិនិយោគរួម
សំដៅលើគម្រោងដែលប្រមូលថវិកាពីវិនិយោគិនច្រើននាក់ ដើម្បីយកទៅវិនិយោគរួមគ្នា ក្នុងគោលដៅស្វែងរកប្រាក់ចំណេញដោយមានការគ្រប់គ្រងជំនួស។
គណនេយ្យភាពហិរញ្ញវត្ថុ
គឺជាកាតព្វកិច្ចរបស់អង្គការ ឬស្ថាប័នក្នុងការរៀបចំ, គ្រប់គ្រង និងបង្ហាញតម្លាភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន និងរួមបញ្ចូលការទទួលខុសត្រូវលើចំណូល-ចំណាយ និងសមតុល្យសាច់ប្រាក់ ដើម្បីធានាថាធនធានត្រូវបានប្រើប្រាស់ត្រឹមត្រូវ និងអាចត្រួតពិនិត្យបានតាមស្តង់ដាដែលបានកំណត់។
គណនេយ្យភាព
ភាពអាចទទួលខុសត្រូវបាន ភាពអាចគណនាបានឬភាពអាចពន្យល់បាន។
គណនេយ្យករ
បុគ្គលដែលមានគុណវុឌ្ឍិក្នុងការកត់ត្រា និងការរក្សាបញ្ជីចំណូល ចំណាយ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្ម និងវិភាគគណនី និងការផ្តល់យោបល់លើបញ្ញត្តិពន្ធនានា និងឱកាសវិនិយោគ។
គណនេយ្យ
ការកត់ត្រាជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អង្គភាព ឬស្ថានប័នណាមួយ។
គណនីបរធនបាលកិច្ច (Trust Account)
សំដៅដល់គណនីដែលបរធនបាលបើកនៅធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតធ្វើជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ចពី និយ័តករបរ-ធនបាលកិច្ច សម្រាប់ប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ច។
គណនីទូទាត់
សំដៅដល់គណនីដែលធនាគារមួយ បានបើកនៅក្នុងបញ្ជីរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ចូលនិងចេញ។
គណនី
បញ្ជី ឬតារាងកត់ត្រាប្រាក់ចំណូល ចំណាយ និងទ្រព្យ។
ខ្លឹមសារឌីជីថល
ខ្លឹមសារនៃព័ត៌មានក្នុងទម្រង់ឌីជីថល ដែលអាចមើល អាន ស្តាប់ ឬទាញយកបាន ក្នុងទម្រង់ជាអត្ថបទ រូបភាព សំឡេង វីដេអូ។
ខ្ទង់ក្រៅតារាងតុល្យការ
សំដៅដល់ខ្ទង់ទាំងឡាយណាដែលមិនបង្ហាញក្នុងតារាងតុល្យការ ប៉ុន្តែនាំឱ្យមានហានិភ័យលំហូរសាច់ប្រាក់អនាគត។
ខសន្យាសំខាន់ៗ
សំដៅដល់រាល់ខសន្យា ឬលក្ខខណ្ឌសំខាន់ៗណាមួយនៃកិច្ចសន្យា (ទោះក្នុងទម្រង់ស្តង់ដានៃកិច្ចសន្យាក្តី ឬទម្រង់ស្តង់ដាអេឡិចត្រូនិកក្តី) មានសារៈសំខាន់ សម្រាប់ការបង្កើតកិច្ចសន្យា ហើយបុគ្គលធ្វើធុរៈកិច្ចគួរតែបានដឹងអំពីសារសំខាន់នៃលក្ខខណ្ឌ ឬខចែងនោះ។
ខសន្យាមិនសុចរិត
សំដៅដល់ខន្យាណាមួយនៃទម្រង់ស្តង់ដានៃកិច្ចសន្យា ដែលបង្កើតឱ្យមាននូវការកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។
ក្ស័យធន
សំដៅដល់ស្ថានភាពរបស់ក្រុមហ៊ុន ឬនីតិបំណុលមិនអាចទូទាត់សងបំំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ។
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិមួយប្រភេទដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើននាក់ ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញ ហើយសមាជិកទាំងអស់ជាសហកម្មសិទ្ធិករទូទៅ។
ក្រុមហ៊ុនវាយតម្លៃ
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មវាយតម្លៃពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) និងទទួលបានការទទួលស្គាល់ការវាយតម្លៃពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនមូលធន
សំដៅដល់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរួមមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតឡើងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
ក្រុមហ៊ុនមូលធនមួយប្រភេទបង្កើតឡើងនិងចុះបញ្ជីតាមច្បាប់ ដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល ដែលក្នុងនោះមានសមាសភាពជាអភិបាលយ៉ាងតិច៣រូប។ ក្រុមហ៊ុនប្រភេទនេះមានសិទ្ធិបោះចេញនូវមូលបត្រសម្រាប់លក់ជាសាធារណៈ។
ក្រុមហ៊ុនផ្តល់សេវាសវនកម្ម
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសវនកម្មពីនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យបរធនបាលកិច្ចពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនបរធនបាល
សំដៅដល់បរធនបាលជានីតិបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន។
ក្រុមហ៊ុនដើម
សំដៅដល់ក្រុមហ៊ុនបរធនបាល ឬប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ចឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច និងជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាភិបាល
ស្ថាប័នជាន់ខ្ពស់ ឬបុគ្គលមួយក្រុមដែលមានអភិបាលជាសមាជិក ដើម្បីគ្រប់គ្រង និងតាមដានការអនុវត្តសកម្មភាព។
ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ
គឺជាអង្គការអន្តរជាតិដែលកំណត់ស្តង់ដា និងលើកកម្ពស់គោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។
ក្រមសីលធម៌វិជ្ជាជីវៈ
សំដៅដល់គោលការណ៍ តម្លៃ ស្តង់ដា ឬវិធាននានាដែលកំណត់អំពីឥរិយាបថរបស់គណនេយ្យករ និងសវនករក្នុងវិជ្ជាជីវៈរបស់ខ្លួន។
ក្រមរដ្ឋប្បវេណី
សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។
ក្រមព្រហ្មទណ្ឌ
សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
ក្រមនីតិវិធីព្រហ្មទណ្ឌ
សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។
ក្របខណ្ឌបច្ចេកទេស
គឺជាសំណុំនៃគោលការណ៍, បទដ្ឋានស្តង់ដា និងនីតិវិធីដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីណែនាំដល់ការអនុវត្តការងារបច្ចេកទេសឱ្យមានសណ្តាប់ធ្នាប់, គុណភាព និងប្រសិទ្ធភាព។
ក្របខណ្ឌគោលនយោបាយ
គឺជាឯកសារយុទ្ធសាស្ត្រ ឬផែនទីមគ្គុទ្ទេសក៍រយៈពេលវែងដែលកំណត់គោលដៅ, គោលការណ៍, ចង្កោមសកម្មភាព និងវិធានការនានា ដើម្បីដោះស្រាយបញ្ហា ឬអភិវឌ្ឍវិស័យណាមួយប្រកបដោយប្រសិទ្ធភាព។
ក្របខណ្ឌគតិយុត្ត
គឺជាសំណុំនៃច្បាប់, បទប្បញ្ញត្តិ, គោលការណ៍ណែនាំ និងនីតិវិធីផ្លូវការនានា ដែលបង្កើតឡើងដើម្បីគ្រប់គ្រង ត្រួតពិនិត្យ ឬកំណត់ទិសដៅសកម្មភាពរបស់ស្ថាប័នរដ្ឋបាល ឬវិស័យណាមួយ និងបម្រើជាមូលដ្ឋានគ្រឹះស្របច្បាប់សម្រាប់ធានាសណ្តាប់ធ្នាប់, ភាពស្របច្បាប់ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ។
កិច្ចសន្យាអាណត្តិ
កិច្ចសន្យាមួយ ដែលអាណត្តិទាយកប្រគល់សិទ្ធិអំណាចឱ្យទៅអាណត្តិគាហកៈធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយក។
កិច្ចសន្យាអញ្ញមញ្ញ
កិច្ចសន្យា ដែលភាគីមានបន្ទុកបំពេញកាតព្វកិច្ចទៅវិញទៅមកដូចជា កិច្ចសន្យាម៉ៅការ ភតិសន្យា និងកិច្ចសន្យាលក់ទំនិញ។
កិច្ចសន្យាមជ្ឈត្តកម្ម
សំដៅដល់ការព្រមព្រៀងដែលគូភាគីសម្រេចយកវិវាទរបស់ខ្លួនទៅដោះស្រាយ តាមផ្លូវមជ្ឈត្តិកម្ម(ម.ព. មជ្ឈត្តករ និងអាជ្ញាកណ្ដាល)។
កិច្ចសន្យាបញ្ញើ
សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើ សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀត ជាអ្នកផ្ញើមករក្សាទុក ក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយអំឡុងពេលរក្សាទុកនោះ ត្រូវបានបញ្ចប់ ត្រូវសងវត្ថុនោះទៅឱ្យអ្នកផ្ញើវិញ ដោយយកកម្រៃ ឬមិនយកកម្រៃ។
កិច្ចសន្យា
សំដៅដល់កិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នា, ព្រមបង្កើត, កែប្រ ឬរំលត់កាតព្វកិច្ច។
កិច្ចព្រមព្រៀងអនុបំណុល
សំដៅលើកិច្ចព្រមព្រៀងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើឡើងជាមួយដៃគូអភិវឌ្ឍ ដើម្បីទទួលយកអនុបំណុលមកគ្រប់គ្រងជំនួស សម្រាប់បន្ដសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងកម្ចីម៉ាជីន
សំដៅដល់កម្ចីដែលចងភ្ជាប់ជាមួយរូបិយវត្ថុផ្ទាល់របស់អ្នកខ្ចី ដើម្បីទិញមូលបត្រ និងមានសុវត្ថិភាពដោយសារសាច់ប្រាក់និងមូលបត្រដែលតម្កល់ ដោយអ្នកខ្ចីត្រូវបានទទួលស្គាល់ដោយអ្នកផ្តល់កម្ចី។ ជាធម្មតាអ្នកផ្តល់កម្ចីយល់ព្រមផ្តល់កម្ចីតាមចំនួន ដែលអាស្រ័យលើមូលបត្រដែលបានតម្កល់ដោយអ្នកខ្ចី។
ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ចធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម។
សេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សម្រាប់ចូលបម្រើការងារនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភាគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ព្រមទាំងសហការីនៃ ន.ប.ធ. និងសប្បុរសជនក្នុងវិស័យបរធនបាលកិច្ច បាននាំយកគ្រឿងឧបភោគបរិភាគ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដេីម្បីប្រគល់ដល់តំណាងវីរកងទ័ពជួរមុខនៅទីបញ្ជាការតំបន់សឹករង ដេីម្បីបុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជាពីការឈ្លានពានដោយកងទ័ពថៃ ស្ថិតក្នុងភូមសាស្រ្តខេត្តព្រះវិហារ។
អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
info@trustregulator.gov.kh
(+៨៥៥)២៣-២៣៧-៨៨៨
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)