នារសៀលថ្ងៃពុធ ១២ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥ បានទទួលការឯកភាពពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងសម័យប្រជុំ អាណត្តិទី១ លើកទី២២ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥។ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច មានយុទ្ធសាស្រ្តអាទិភាពចំនួន បួន រួមមាន៖ ១. ការអភិវឌ្ឍទីផ្សារ ប្រតិបត្តិករ និងផលិតផលបរធនបាលកិច្ចថ្មីៗ, ២. ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួម, ៣. ការបង្កើតយន្តការគ្រប់គ្រង និងប្រតិបត្តិការតាមនវានុវត្តបច្ចេកវិទ្យា និង ៤. ការជំរុញនិងពង្រឹងការអនុវត្តច្បាប់ ដែលត្រូវអនុវត្តក្នុងក្របខ័ណ្ឌរយៈពេលខ្លី (២០២៥-២០២៧) រយៈពេលមធ្យម (២០២៨-២០៣១) និងរយៈពេលវែង (២០៣២-៣០៣៥)។ កម្មវិធិសិក្ខាសាលានេះ បានបញ្ចូលកិច្ចពិភាក្សាស្តីពី “ទស្សនវិស័យនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច” ដែលមានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច វិស័យអចលនវត្ថុ វិស័យធនាគារនិងហិរញ្ញវត្ថុ និងធុរកិច្ច រួមមាន៖ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, លោក សេង យូរ៉ាដែន ប្រធាននាយកដ្ឋានស្ថិរភាពហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជា និង ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយស បានផ្តោតការពិភាក្សាជាសំខាន់លើទស្សនាទានអំពីវិស័យអចលនវត្ថុ ទស្សនវិស័យនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច និងគោលនយោបាយ និងវិធានការយុទ្ធសាស្រ្តដើម្បីជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ កម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្រ្តីជំនាញ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនិយ័តករក្រោមឱវាទ អ.ស.ហ., ឯកឧត្ដម លោកជំទាវ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការទទួលស្គាល់ពីនិយ័តករបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)