ឧត្តមានុវត្តន៍
គោលការណ៍ ឬស្តង់ដារ និងការអនុវត្តតាមអនុ-សាសន៍របស់អង្គភាពជំនាញវិជ្ជាជីវៈ និងស្ថាប័នអភិបាលកិច្ចផ្ទៃក្នុង។ ច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារទូទៅផ្សេងៗទៀត ដែលដកស្រង់ពីទស្សនៈល្អៗរបស់ស្ថាប័នអាជីពដែលត្រូវបានទទួលស្គាល់ថាបានអនុវត្តល្អបំផុត សម្រាប់ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ។
អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច
សំដៅដល់បុគ្គលណាដែលផ្ដល់វិភាគទានទៅក្នុងបរធនបាលកិច្ច ឬបរធនបាលកិច្ចដែលមានស្រាប់ និងមានសិទ្ធិចូលរួមកំណត់លក្ខខណ្ឌនៃការបង់វិភាគទានដែលនឹងត្រូវគ្រប់គ្រងនិងចាត់ចែងដោយបរធនបាល និងលក្ខខណ្ឌនៃការទទួលផលរបស់អត្ថគាហកៈ។
អ្នកជំនាញវាយតម្លៃ
សំដៅដល់រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ដើម្បីផ្តល់សេវាកម្មវាយតម្លៃជូនអតិថិជន ក្នុងនាមក្រុមហ៊ុនវាយតម្លៃ និងទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
អ្នកជំនាញភ្នាក់ងារអចលនវត្ថុ
រូបវន្តបុគ្គលដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួង ដើម្បីផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុជូនអតិថិជន ក្នុងនាមក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ។
អ្នកកាន់កាប់
រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលគ្មានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។
អាវុធមហាប្រល័យ
សំដៅដល់អាវុធផ្ទុះអាតូមិកឬនុយក្លេអ៊ែរ អាវុធសម្ភារៈវិទ្យុសកម្ម អាវុធគីមី និងអាវុធជីវសាស្រ្តដែលអាចសម្លាប់ ឬបង្កមហន្តរាយដល់មនុស្សឬសត្វពាហនៈ ព្រមទាំងអាវុធផ្សេងទៀត ដែលនឹងត្រូវបានផលិតនាពេលអនាគតដែលមានលក្ខណៈបង្កនូវផលបំផ្លិចបំផ្លាញដូចនឹងគ្រាប់បែកអាតូមិកឬនុយក្លេអ៊ែរ ឬអាវុធដទៃទៀតដូចដែលបានរៀបរាប់ខាងលើ។
អាជ្ញាបណ្ណ
លិខិតអនុញ្ញាតដែលបានចេញឱ្យតាមការស្នើសុំ ដើម្បីប្រើស្តង់ដារឧស្សាហកម្ម ឬសញ្ញាសម្គាល់។
អភិបាល
សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
អនុបំណុល
សំដៅដល់មូលនិធិហិរញ្ញប្បទាន ឬហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ ដែលកំពុងត្រូវបានប្រើប្រាស់ដោយនីតិបុគ្គលណាមួយ ក្នុងគោលបំណងបន្តសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុក្រោមកិច្ចព្រមព្រៀងអនុបំណុល។
អត្ថគាហកៈ
សំដៅដល់បុគ្គលដែលទទួលផលប្រយោជន៍ពីបរធនបាលកិច្ច។
អំណោយ
សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយគ្មានតម្លៃតបស្នងឬកាតព្វកិច្ចត្រឡប់។
អង្គភាព
សំដៅដល់នីតិបុគ្គល អង្គភាពមិនមែនសាជីវកម្ម ក្រុម សមាគម អង្គការ គ្រឹះស្ថាននិងការចងក្រងនានា។
ហិរញ្ញាប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ
សំដៅដល់មូលនិធិជំនួយឥតសំណងដំបូងដែលត្រូវបានផ្ដល់ដោយដៃគូអភិវឌ្ឍឱ្យទៅបុគ្គលណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់គោលបំណងនៃបរធនបាលកិច្ច។
ហិរញ្ញប្បទានភេរវកម្ម
សំដៅដល់ការផ្តល់ឬការប្រមូលដោយចេតនានូវទ្រព្យសម្បត្តិ មូលនិធិឬសេវាផ្សេងៗក្នុងបំណងប្រើប្រាស់ ឬដោយដឹងថាទ្រព្យសម្បត្តិ មូលនិធិ ឬសេវានេះនឹងត្រូវបានឬអាចប្រើប្រាស់ទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្ររាល់សកម្មភាព ជាអាទិ៍ ការធ្វើដំណើរការបណ្តុះបណ្តាល ការរៀបចំ ការចូលរួម ឬការប្រព្រឹត្តអំពើភេរវកម្ម របស់ភេរវករឬអង្គការចាត់តាំងរបស់ភេរវកម្ម។
ហិតូបត្ថម្ភកៈ
ជនដែលច្បាប់ចាត់ឱ្យឃុំគ្រងទ្រព្យរបស់អនីតិជន ឬទ្រព្យរបស់ជនល្ងីល្ងើជាដើម។
ស្តង់ដារវាយតម្លៃ (Valuation Standard)
សំដៅដល់ស្តង់ដារវាយតម្លៃដែលដាក់ឱ្យប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា និងទទួលបានការទទួលស្គាល់ឱ្យប្រើប្រាស់ក្នុងការវាយតម្លៃ សម្រាប់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ។
សេវារក្សាទុក
សំដៅដល់ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយទៅឱ្យបរធនបាលដើម្បីរក្សាទុក ហើយប្រគល់ទៅឱ្យបុគ្គលផ្សេងទៀតឬប្រគល់ត្រឡប់ទៅឱ្យបុគ្គលនោះវិញ តាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងលិខិតបរធនបាលកិច្ច។
សិទ្ធិលើបំណុល
សំដៅដល់សិទ្ធិទទួលបានការទូទាត់សងពីកូនបំណុល ឬការទូទាត់ពីទ្រព្យសកម្មរបស់កូនបំណុលដែលកើតមានឡើងមុនពេលបើកសំណុំរឿងក្ស័យធនដោយមិនគិតពីសិទ្ធិលើបំណុលនោះមានលក្ខខណ្ឌមិនទាន់ទូទាត់បាន ឬមានភាពបន្ទាន់ឡើយ លើកលែងតែច្បាប់ចែងច្បាស់ថាជាសិទ្ធិលើបំណុលខាងរដ្ឋបាល។
សិទ្ធិប្រត្យក្ស
សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុដោយចំពោះ ដែលអាចអះអាងចំពោះបុគ្គលដទៃទៀតបាន។
សំណើទិញធិនឌ័រ (Tender Offer)
សំដៅដល់សំណើសុំទិញដែលបើកចំហជាសាធារណៈដើម្បីទិញមូលបត្រកម្មសិទ្ធ ឬភាគហ៊ុនរបស់នីតិបុគ្គលណាមួយចាប់ពី ៥ (ប្រាំ) ភាគរយឡើងទៅនៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធឬសំណើសុំទិញដែលមានគោលដៅត្រួតត្រាលើនីតិបុគ្គលណាមួយ។
សំណុំរឿងអធិការកិច្ច
សំដៅដល់ករណីដែលកំពុងស្ថិតនៅក្រោមការធ្វើអធិការកិច្ច របស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ទាំងក្នុងការជំរុញការអនុវត្តច្បាប់ និងទាំងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច។
វគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ
សំដៅដល់វគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) សម្រាប់រាល់រូបវន្តបុគ្គលដែលបម្រើការងារនៅក្នុងក្រុមហ៊ុនបរធនបាល និងផ្តល់សេវាកម្មនៅក្នុងវិស័យបរធនបាលកិច្ច ដូចជាបុគ្គលិកជាន់ខ្ពស់ បុគ្គលិកផ្នែកបច្ចេកទេស និងបុគ្គលិកសំខាន់ៗដទៃទៀត របស់ក្រុមហ៊ុនទាំងនោះ ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតជាសំខាន់ទៅលើក្របខណ្ឌបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេសក្នុងវិស័យបរធនបាលកិច្ច។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល និងបំពេញតាមលក្ខខណ្ឌតម្រូវនៃវគ្គបណ្តុះបណ្តាល រូបវន្តបុគ្គលត្រូវចូលរួមការប្រឡងដែលរៀបចំឡើងដោយ ន.ប.ធ.។
លិខិតយុត្តិការ
ឯកសារជាលាយលក្ខណ៍អក្សរច្បាប់ដើម ភ្ជាប់ជាមួយសំណើសុំធានាចំណាយ ឬអាណត្តិបើកប្រាក់ សម្រាប់ជាកម្មវត្ថុ នៃការពិនិត្យនិងសម្រេចផ្តល់ចំណាយ។
លិខិតបរធនបាលកិច្ចហិរញ្ញវត្ថុ្ច
សំដៅដល់លិខិតគតិយុត្ត ដែលកំណត់អំពីការបង្កើត ការគ្រប់គ្រង ការត្រួតពិនិត្យ និងការបញ្ចប់បរធនបាលកិច្ច។
លិខិតបរធនបាលកិច្ច
សំដៅដល់៖ ក- លិខិតគតិយុត្តដែលកំណត់ជាអាទិ៍អំពីការបង្កើត ការគ្រប់គ្រង ការចាត់ចែង និងការបញ្ចប់បរធនបាលកិច្ច ដែលត្រូវបានធ្វើឡើងរវាងបរធនបាលទាយកឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច និងបរធនបាល ដោយមានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំសង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។ ខ- មតកសាសន៍ដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិស្ដីពីសន្ដតិកម្មនៃក្រមរដ្ឋប្បវេណី។
រូបវន្ដបុគ្គល
បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។
របាយការណ៍ហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដោយសវនករឯករាជ្យ ដោយអនុលោមតាមច្បាប់ស្ដីពីគណនេយ្យសហគ្រាស សវនកម្ម គណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដែលក្នុងនោះរួមមាន របាយការណ៍របស់អភិបាល របាយការណ៍របស់សវនករឯករាជ្យ និងរបាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មរួច។
ម្ចាស់បំណុល
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិទាមទារសំណងពីកូនបំណុល ឬពីទ្រព្យសម្បត្តិរបស់កូនបំណុល។
មូលនិធិហិរញ្ញប្បទានរបស់ដែគូអភិវឌ្ឍ
សំដៅដល់សមតុល្យហិរញ្ញប្បទានឥតសំណងសរុបចុងក្រោយ បន្ទាប់ពីត្រូវបានប្រើប្រាស់ស្របតាមគោលបំណងរបស់បរធនបាលកិច្ចហិរញ្ញវត្ថុ។ សមតុល្យនេះត្រូវគណនាតាមស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់គោលបំណងនៃការចុះបញ្ជី។
មន្រ្តីអធិការកិច្ចបរធនបាលកិច្ច
សំដៅដល់មន្រ្តីរបស់ ន.ប.ធ. ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ និងត្រូវបានចាត់តាំងដោយ ន.ប.ធ. ឱ្យធ្វើអធិការកិច្ចក្នុងវិស័យបរធនបាលកិច្ច អនុលោមតាមច្បាប់ស្តីពីបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ។
មតកសាសន៍
សំដៅដល់លិខិតបណ្ដាំដែលបុគ្គលបានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្ដែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
ភាគហ៊ុន
ចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុន ឬផលប្រយោជន៍ ឬការលក់អាជីវកម្មរបស់ក្រុមហ៊ុននីតិបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ សហគ្រាសឯកបុគ្គល ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី នៅក្រសួងស្ថាប័័នមានសមត្ថកិច្ច។
ពិន័យអន្តរការណ៍
ការតម្រូវជនប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យ បង់ប្រាក់ពិន័យ តាមកម្រិតទណ្ឌកម្មដែលបានប្រព្រឹត្តល្មើស។
ព័ត៌មានសម្ងាត់
សំដៅដល់ព័ត៌មានដែលមន្ត្រីអធិការកិច្ចបរធនបាលកិច្ច ទទួលបានពីមន្រ្តីនៃនាយកដ្ឋានចំណុះឱ្យ ន.ប.ធ., បុគ្គលរាយការណ៍, កម្លាំងជំនាញ, ភ្នាក់ងារ, ស្ថាប័ន, អង្គការជាតិ ឬអង្គការអន្តរជាតិ ក្នុងនាមជាដៃគូសហការក្នុងការផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើស។
ព័ត៌មានចំហ
សំដៅដល់ក្រុមតម្រុយដែលទទួលបានពីការផ្សព្វផ្សាយព័ត៌មានគ្រប់មធ្យោបាយ ដែលអាចជាព័ត៌មានក្នុងស្រុក ឬជាព័ត៌មានពីបរទេស។
ផលនៃបទល្មើស
សំដៅដល់ទ្រព្យសម្បត្តិណាដែលបាន ឬទទួលដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តបទល្មើសឧក្រិដ្ឋឬបទល្មើសមជ្ឍិម។
ប្រទានកម្ម
សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្ដល់ឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
ប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការធ្វើប្រតិបត្តិការបរធនបាលកិច្ច ដោយបរធនបាលឬអ្នកចូលរួមដ៏ទៃទៀត ទៅតាមប្រភេទបរធនបាលកិច្ចរួមមាន បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចពាណិជ្ជកម្ម, បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាល ឬអ្នកចូលរួមដ៏ទៃទៀត ដែលអាចធ្វើប្រតិបត្តិការបរធនបាលកិច្ចទាំងនេះបាន ត្រូវទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីពី ន.ប.ធ.។
បុននីតិសម្បទា
សំដៅដល់យន្តការដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដែលមានបញ្ហាហិរញ្ញវត្ថុ អាចត្រូវបានសង្រ្គោះមិនឱ្យអសោធនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។
បុគ្គលស្ថិតក្រោមការធ្វើអធិការកិច្ច
សំដៅដល់បុគ្គលដែលស្ថិតក្រោមការត្រួតពិនិត្យប្រតិបត្តិការបរធនបាលកិច្ច រួមមាន បុគ្គលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជី/ការទទួលស្គាល់ពី ន.ប.ធ. និងបុគ្គលផ្សេងទៀតដែលសង្ស័យប្រព្រឹត្តល្មើស ឬពាក់ព័ន្ធការប្រព្រឹត្តល្មើសនឹងច្បាប់ និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច។
បុគ្គលសាធារណៈ (Public Person)
សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបាននីតិសម្បទារជាបុគ្គលសាធារណៈ ឬរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
បុគ្គលទទួលស្គាល់គុណវុឌ្ឍិ (Approved Persons)
សំដៅដល់អភិបាល នាយកប្រិបត្តិបត្តិ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញកផ្នែកច្បាប់ និងគណនេយ្យករជំនាញបរធន ដែលទទួលបានការទទួលស្គាល់គុណវុឌ្ឍិពីអគ្គនាយនៃ ន.ប.ធ. ។
បុគ្គល
សំដៅដល់រូបវន្ដបុគ្គលឬនីតិបុគ្គលណាមួយដែលត្រូវបានបង្កើតឡើងដោយស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទោះជាបុគ្គលនោះស្វែងរកប្រាក់ចំណេញឬមិនស្វែងរកប្រាក់ចំណេញ។
បរធនបាលរូបវន្តបុគ្គលឯករាជ្យ
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន ហើយបរធនបាលរូបវន្តបុគ្គលឯករាជ្យនេះ មិនស្ថិតនៅក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាលណាមួយឡើយ។
បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតរបស់ក្រុមហ៊ុនបរធនបាល។
បរធនបាលរូបវន្តបុគ្គល
សំដៅដល់រូបវន្តបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើជារូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល ឬបរធនបាលរូបវន្តបុគ្គលឯករាជ្យ។
បរធនបាលទាយក
សំដៅដល់បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
បរធនបាលកិច្ចសាធារណៈ
ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
បរធនបាលកិច្ចសង្គម
ត្រូវបានបង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្រ្ត។
បរធនបាលកិច្ចពាណិជ្ជកម្ម
ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ចឬបុគ្គលណាមួយជាក់លាក់ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។
បរធនបាលកិច្ចបុគ្គល
ត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលនាយកឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយក។
បរធនបាលកិច្ច
សំដៅដល់កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធនបាល
សំដៅដល់បុគ្គលណាដែលទទួលសិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធន
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
នីតិបុគ្គល
សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធន ស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គការមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ “នីតិបុគ្គល” ពុំរាប់បញ្ចូលទេនូវក្រុមហ៊ុនសហកម្មសិទ្ធិ ឬសហគ្រាសឯកបុគ្គល។
ធនាគារ
អង្គភាពណាមួយ ដែលអនុវត្តជាប្រក្រតីនូវប្រតិបត្តិការណាមួយក្នុងចំណោមប្រតិបត្តិការ ដូចខាងក្រោម៖ក-ផ្ដល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជនដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យាខ-ទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជនគ-ប្រព្រឹត្តកម្មនិងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។
ទ្រព្យសម្បត្តិបរធនបាលកិច្ច
សំដៅដល់ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅក្នុងបរធនបាលកិច្ចនិងផលដែលបានពីទ្រព្យសម្បត្តិឬមូលនិធិនោះ។
ទ្រព្យសម្បត្តិ
សំដៅដល់ចលនវត្ថុនិងអចលនវត្ថុដែលបានកំណត់ក្នុងមាត្រា១២០នៃក្រមរដ្ឋប្បវេណី។
តតិយជន
ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា៖ អ្នកលក់ និងអ្នកទិញជាភាគីទី១ និងទី២។ អ្នកផ្សេងទៀត ក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថា តតិយជន។
ឆ្នាំសារពើពន្ធ
សំដៅរយៈពេលរាប់គិតចាប់ពីថ្ងៃទី១ ខែមករា ឬថ្ងៃផ្តើមធ្វើប្រតិបត្តិការ ចំពោះបរធនបាលកិច្ចទើបបង្កើតថ្មី រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឬរយៈពេលផ្សេងទៀតដែលសម្រេចដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឆន្ទានុសិទ្ធិ
អំណាចដែលប្រគល់ដល់អាជ្ញាធរ ឱ្យរើសយកមធ្យោបាយណាមួយ តាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។
ចំណូលមូលធន
រួមមាន ចំណូលបានមកពីអចលកម្មហិរញ្ញវត្ថុ ហិរញ្ញប្បទានឥតសំណងសម្រាប់វិនិយោគ ការខ្ចី និងចំណូលមូលធនផ្សេងទៀត។
ក្ស័យធន
សំដៅដល់ស្ថានភាពរបស់ក្រុមហ៊ុន ឬនីតិបំណុលមិនអាចទូទាត់សងបំំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ។
ក្រុមហ៊ុនវាយតម្លៃ
សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណសេវាកម្មវាយតម្លៃពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) និងទទួលបានការទទួលស្គាល់ការវាយតម្លៃពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។
ក្រុមហ៊ុនមូលធន
សំដៅដល់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរួមមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតឡើងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
ក្រុមហ៊ុនបរធនបាល
សំដៅដល់បរធនបាលជានីតិបុគ្គល ដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាតពី ន.ប.ធ. ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ចមួយ ឬច្រើន។
ក្រមរដ្ឋប្បវេណី
សំដៅដល់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។
ក្រមព្រហ្មទណ្ឌ
សំដៅដល់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
ក្រមនីតិវិធីព្រហ្មទណ្ឌ
សំដៅដល់ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។
កិច្ចព្រមព្រៀងអនុបំណុល
សំដៅលើកិច្ចព្រមព្រៀងដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើឡើងជាមួយដៃគូអភិវឌ្ឍ ដើម្បីទទួលយកអនុបំណុលមកគ្រប់គ្រងជំនួស សម្រាប់បន្ដសកម្មភាពអភិវឌ្ឍន៍វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
កាលាវសាន
កាលបរិច្ឆេទកំណត់ក្នុងការទូទាត់សេវាបំណុល។
ការសម្អាតប្រាក់
សំដៅដល់៖ ក- ការបំប្លែងឬការផ្ទេរទ្រព្យសម្បត្តិ ដោយមិនដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាមួយដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឱ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។ ខ- ការបិទបាំងឬការក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬកម្មសិទ្ធិ ឬសិទ្ធិលើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ គ- ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។ ឃ- ការចូលរួម ការប៉ុនប៉ងប្រព្រឹត្ត ដោយជួយនិងជំរុញឱ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់។
ការរំលាយបញ្ចូលគ្នា (Merger and Acquisition)
សំដៅដល់យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ឬនីតិបុគ្គលក្នុងការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងទិញលក់ ក្នុងគោលបំណងសម្រេចបានកំណើនឆាប់រហ័សឬក្នុងគោលបំណងជាក់លាក់ផ្សេងទៀត។
ការបង្កកទ្រព្យសម្បត្តិ
សំដៅដល់ការទប់ស្តាត់ការលក់ ការផ្គត់ផ្គង់ ភតិសន្យា ការផ្ទេរ ការបំប្លែង ការធ្វើមត៌កឬអនុប្បទាន ការចល័ត ឬការប្រើប្រាស់ទ្រព្យ។
ការធ្វើអធិការកិច្ច
សំដៅដល់ការត្រួតពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវ ឆែកឆេររបស់មន្រ្តីអធិការកិច្ចបរធនបាលកិច្ច ក្នុងករណីសង្ស័យប្រព្រឹត្តល្មើសនឹងច្បាប់និង/ឬបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ចដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច និង/ឬ ការត្រួតពិនិត្យលើបរធនបាលកិច្ចដែលបានចុះបញ្ជី, ប្រតិបត្តិការរបស់ប្រតិបត្តិករបរធនបាល និងអ្នកចូលរួមដទៃទៀតក្នុងវិស័យបរធនបាលកិច្ច។
ការទទួលកាន់កាប់បន្ត (Takeover)
សំដៅដល់ការសម្រេចបាននូវការទិញមូលបត្រកម្មសិទ្ធិ ការទិញធុរកិច្ច ឬទ្រព្យសកម្មរបស់នីតិបុគ្គលណាមួយ ដើម្បីគ្រប់គ្រង និងកាន់កាប់នីតិបុគ្គលនោះ។
ការចាប់ផ្ដើមប្រតិបត្តិការបរធនបាលកិច្ច
សំដៅដល់ការចាប់ផ្តើមធ្វើប្រតិបត្តិការរបស់បរធនបាលកិច្ចក្រោយពីទទួលបានអាជ្ញបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីឬចាប់ផ្តើមពេលដែលបរធនបាលចាប់ផ្ដើមជួលបុគ្គលិក ដើម្បីបំពេញការងារសម្រាប់ប្រតិបត្តិការដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត/ការចុះបញ្ជីឬចាប់ផ្ដើមពីពេលដែលបរធនបាលចាប់ផ្ដើមធ្វើសកម្មភាពពេលដែលទទួលបានអាជ្ញាបណ្ណ និង/ឬការអនុញ្ញាត។
អគារ ១៦៨F (ជាន់ទី៨) ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
info@trustregulator.gov.kh
(+៨៥៥)២៣-២៣៧-៨៨៨
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)