នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “យន្តការ និងអត្ថប្រយោជន៍របស់បរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង ឯកឧត្តម លីម ប៊ុនហុក សហនាយកនៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅវិទ្យាស្ថាន អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ តាមរយៈ សិក្ខាសាលានេះ និស្សិតអាចយល់ដឹងបន្ថែម អំពីតួនាទីរបស់បរធនបាលកិច្ចក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការពង្រឹងទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ កម្មវិធីនេះក៏បានបើកឱកាសឱ្យនិស្សិតចូលរួមពិភាក្សា និងសួរសំណួរពាក់ព័ន្ធនឹងការអនុវត្តបរធនបាលកិច្ចនៅកម្ពុជាផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ,សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)