នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការីបានអញ្ជើញប្រកាសបើក “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច លើកទី៩” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំរយៈពេលចំនួន បី ថ្ងៃពេញ ចាប់ពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ និងមានអ្នកចូលរួមសរុបចំនួន ១៧៣ រូប ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន។ នាឱកាសថ្លែងបើកកម្មវិធីខាងលើ ឯកឧត្ដម សុខ ដារ៉ា បានធ្វើការចែករំលែកដល់សិក្ខាកាមទាំងអស់ថា “វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ ជាបុរេលក្ខខណ្ឌសម្រាប់បុគ្គលដែលត្រូវចូលរួមជាមួយក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះ ក៏ជាលក្ខខណ្ឌតម្រូវមួយក្នុងការស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត/ការទទួលស្គាល់ពី ន.ប.ធ. ផងដែរ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល បី ថ្ងៃពេញ និងផ្ដោតលើទិដ្ឋភាពពីរសំខាន់ៗ គឺផ្នែកក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេស ហើយសិក្ខាកាមដែលជាសិក្ខាកាមថ្មី ត្រូវប្រឡងគុណវុឌ្ឍិនៅក្នុងថ្ងៃទីបួនបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលបានបញ្ចប់។ ក្នុងករណីប្រឡងជាប់ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រ (Certificate) ដែលជាឯកសារផ្លូវការ ដែលបញ្ជាក់ពីការបំពេញលក្ខខណ្ឌនៃការចូលរួមវគ្គបណ្ដុះបណ្ដាល និងប្រឡងជាប់ដោយជោគជ័យ និងមានសុពលភាពរយៈពេល ពីរ ឆ្នាំ។ ជាមួយគ្នានេះ ន.ប.ធ. ក៏បានរៀបចំកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ចក្នុងពេលជាមួយគ្នានេះផងដែរ សម្រាប់ក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ដែលធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាល និងប្រឡងជាប់ដោយជោគជ័យពីមុនរួចហើយ ប៉ុន្តែផុតសុពលភាពពីរឆ្នាំ ដូចបានបញ្ជាក់ខាងលើ។ ពោលគឺសិក្ខាកាមទាំងនោះ ត្រូវមកចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ដើម្បីបន្តសុពលភាព ប៉ុន្តែមិនតម្រូវឱ្យធ្វើការប្រឡងឡើងវិញនោះទេ។” បន្ថែមពីនេះ ឯកឧត្ដម សុខ ដារ៉ា ក៏បានធ្វើការចែករំលែកដល់សិក្ខាកាមទាំងអស់អំពីស្ថានភាពទូទៅនៃទីផ្សារបរធនបាលកិច្ច កាលានុវត្តភាព និងទស្សនទាននៃការអភិវឌ្ឍផលិតផលបរធនបាលកិច្ចថ្មីៗ និងទិសដៅបន្តក្នុងការអភិវឌ្ឍទីផ្សារបរធនបាលកិច្ច ផងដែរ ដើម្បីត្រៀមខ្លួនក្នុងការចាប់យកឱកាសថ្មីៗនៅក្នុងវិស័យបរធនបាលកិច្ច។ គួរបញ្ជាក់ជូនផងដែរថា កន្លងមក ន.ប.ធ. ធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច ចំនួន ៨ លើក រួចមកហើយ ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ ១,៤០០ រូប និងមានអ្នកប្រឡងជាប់សរុបចំនួនប្រមាណ ១,៣២៣ រូប។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)