នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យធនធានមនុស្ស (ស.ធ.ម.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃ ស.ធ.ម. នៅទីស្តីការ អ.ស.ហ.។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ចដល់និស្សិតនៃ ស.ម.ធ. ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ថ្នាក់ដឹកនាំនៃ ស.ម.ធ. និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធ ដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)