នាព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ ភ្នំពេញ។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្តិឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់កិច្ចសហការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ចទៅដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណជន។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ថ្នាក់ដឹកនាំ សមាជិក-សមាជិកាក្រុមប្រឹក្សា និងបុគ្គលិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមទីប្រឹក្សា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី, សមាគមបរធនបាលកម្ពុជា, និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)