នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈអំពីការដាក់ឱ្យអនុវត្តប្រកាសស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈរបស់បរធនបាល” ក្រោមអធិបតីភាពរបស់ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់ក្រុមហ៊ុនបរធនបាល, ធនាគារដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ប.ធ. សំដៅដល់ការធានាលើប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងទទួលបានទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងសមាគមបរធនបាលកម្ពុជា, ក្រុមហ៊ុនបរធនបាល, ធនាគារដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្តបុគ្គលឯករាជ្យក្នុងវិស័យបរធនបាលកិច្ច។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)