នាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ជាសាធារណៈ លើសេចក្តីព្រាងប្រកាសស្តីពី “ការដាក់ទណ្ឌកម្ម ខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” និងសេចក្ដីព្រាងប្រកាសស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។ សេចក្តីព្រាងប្រកាសស្តីពី “ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ចដែលមិនអនុវត្តតាមច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” មានគោលបំណងបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់របស់ បុគ្គលរាយការណ៍ក្នុងវិស័យបរធនបាលកិច្ច ពាក់ព័ន្ធនឹងសកម្មភាពការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងស្របតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។ ចំពោះសេចក្ដីព្រាងប្រកាសស្ដីពី “ការដោះស្រាយវិវាទក្នុងវិស័យបរធនបាលកិច្ច” ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាប្រសិទ្ធភាព និងសមធម៌ ក្នុងប្រតិបត្តិការបរធនបាលកិច្ច និងការផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ចដើម្បីលើកម្ពស់កិច្ចគាំពារវិនិយោគិនក្នុងវិស័យបរធបាលកិច្ច។ សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈនេះ មានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា សមាគមបរធនបាលកម្ពុជា គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាល ផ្តល់សេវាសុវត្តិភាពឬរក្សាទុក, បរធនបាលរូបវន្តបុគ្គលឯករាជ្យ, ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងអង្គភាព និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)