នាព្រឹកថ្ងៃចន្ទ ៥ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យជាតិមានជ័យ បានសហការគ្នារៀបចំ សិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍ វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ឯកឧត្តម ណី សាកល អគ្គនាយករង នៃនិយ័តករបរធនបាលកិច្ច និង លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យ នៅសាកលវិទ្យាល័យជាតិមានជ័យ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ។
© រក្សាសិទ្ធិ ២០២៣ និយ័តករបរធនបាលកិច្ច (ន.ប.ធ.)